ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវជនបទចំនួន ០២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមបណ្ឌិត លឹម អុីវ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាង ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវជនបទចំនួន ០២គម្រោងស្ថិតនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ៣,២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូចំនួន ០៤កន្លែង តភ្ជាប់ពីភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ទៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង និងភូមិដើមស្វាយ ទៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៥,៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូចំនួន ០៦កន្លែង ស្ថិតនៅក្នុងភូមិស្រែខ្ញែរ និងភូមិម្រាលត្នោតជើង ឃុំពោធិ៏ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
គម្រោងទាំងពីរខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេស និងគុណភាពសំណង់រួច គណៈកម្មការអន្តរក្រសួងបានសម្រេចវាយតម្លៃទទួលយកបញ្ចប់សុពលភាពសម្រាប់គម្រោងទាំងពីរខាងលើ ៕