ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះពិនិត្យស្ថានភាពសំណង់ស្តូបអនុស្សាវរីយ៍មិត្តភាពវៀតណាម-កម្ពុជា ជាមួយក្រុមការងារគណៈបញ្ជាការយោធាខេត្តគៀនយ៉ាង នៃប្រទេសវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះពិនិត្យស្ថានភាពសំណង់ស្តូបអនុស្សាវរីយ៍មិត្តភាពវៀតណាម-កម្ពុជា ជាមួយក្រុមការងារគណៈបញ្ជាការយោធាខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក កៅ មិញទឹម ស្នងការរងនយោបាយ នៃគណៈបញ្ជាការយោធាខេត្តគៀនយ៉ាង និងគណៈប្រតិភូ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានជម្រាបជូនគណៈប្រតិភូខេត្តគៀនយ៉ាង ពីកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ចាប់តាំងពីទស្សវត្សរ៍៨០ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅតាមរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជានិមិត្តរូប និងជាការចងចាំនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនឹងគ្នាក្នុងបុព្វហេតុ នៃការនាំមកនូវសុខសន្តិភាពនៃប្រទេសនីមួយៗ។ ឯកឧត្តមអភិបាលខេត្តស្តីទី បានបញ្ជាក់ថា ក្នុងអំឡុងទសវត្សរ៍ ៦០-៧០ ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដិ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ បានចូលរួមជួយប្រទេសវៀតណាមក្នុងបុព្វហេតុ នៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីវៀតណាម ហើយនៅទស្សវត្យរ៍៧០-៨០ ប្រទេសវៀតណាម ក៏បានចូលរួមជួយកម្ពុជា ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ ស្តូបមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ ត្រូវបានសាងសង់នៅក្នុងអំឡុងឆ្នាំ១៩៨៤ មានទីតាំងនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយត្រូវបានជួសជុលជាលើកទី២ ក្នុងឆ្នាំ២០១៦ និងដាក់ឱ្យដំណើរការនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តវៀតណាម និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើង ដើម្បីជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលីកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុ នៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍ ៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលីកម្មរបស់កងទ័ព និងប្រជាជនវៀតណាមដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍ ៧០-៨០។ លោកវរសេនីយ៍ឯក កៅ មិញទឹម ស្នងការរងនយោបាយ នៃគណៈបញ្ជាការយោធាខេត្តគៀនយ៉ាង បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានឱ្យគណៈប្រតិភូរបស់លោកចូលជួបពិភាក្សាការងារ ក្នុងគោលបំណង៖ ១.ស្រាវជ្រាវជាក់ស្តែងនៅស្តូបអនុស្សាវរីយ៍មិត្តភាពខេត្តជាប់សមុទ្រទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ២.ស្រាវជ្រាវជាក់ស្តែងការងារគ្រប់គ្រង ការការពារស្តូបអនុស្សាវរីយ៍មិត្តភាពនៅខេត្តទាំង៤ ៣.ការពិភាក្សាជាមួយ និងអាជ្ញាធរមិត្ត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាប្រទេសមានរបងភូមិផងជាមួយគ្នា ក្នុងបុព្វហេតុនៃការនាំមកនូវសុខសន្តិភាព និងការជួយគ្នាទៅវិញទៅមក ៕