ទូតប៉ាគីស្ថាន គោរពអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសខ្លួន
ភ្នំពេញ៖ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា បានគោរពអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ។
នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានគោរពស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ ៕