កម្ពុជា មានបំណងផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ផងដែរ ។
ការលើកឡើងរបស់សម្ដេចធិបតីបែបនេះ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងពេលអនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
នៅក្នុងជំនួបលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់នឹងត្រៀមខ្លួនទទួលស្វាគមន៍ សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។
សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះដោយរីករាយ និងបានបញ្ជាក់អំពីបំណងដូចគ្នានេះ ដោយ សម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ៕