តួកគី មានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាមួុយកម្ពុជា
ភ្នំពេញ៖ តាមរយៈលោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា គឺតួកគីមានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យវិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាមួុយកម្ពុជា។
នៅក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព លោកជំទាវ បានឱ្យដឹងថា ចំពោះវិស័យអប់រំ តួកគីបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៦០ នាក់កំពុងសិក្សា ។
ជាមួយគ្នានេះ តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលតួកគី ដែលបានគាំទ្រ និងផ្តល់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងដំណើការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក ។
ក្នុងជំនួបនេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងទុកផងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជាពិសេសនៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, វិស័យអប់រំ, កសិកម្ម, ទេសចរណ៍ និងពាណិជ្ជកម្ម ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ លោកជំទាវឯកអគ្គរដ្ឋ ជួបផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នទាំងនោះផងដែរ ។
ចំពោះវិស័យការពារជាតិវិញ សម្តេចមហាបវរធិបតី បានរំពឹងទុកផងដែរថា នឹងមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងការចែករំលែកព័ត៌មាន ជាដើម ហើយតទៅអនាគត ក៏អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនងរវាងកងទ័ព និងកងទ័ព ឱ្យកាន់តែជិតស្និទ្ធ៕