ជ័យលាភីលេខ១ នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំនេះបានទៅលើបេក្ខជនឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសពីជ័យលាភីលេខ១ នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ គឺបានទៅលើបេក្ខជនឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប ខណៈលេខ២ បានទៅលើបេក្ខជនឈ្មោះ សាត វណ្ណា មកពីរាជធានីភ្នំពេញ និងលេខ៣បានទៅលើបេក្ខជនឈ្មោះ សូ សារ៉ន មកពីខេត្តស្វាយរៀង។
មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធាន បទ «វប្បធម៌សន្តិភាព» ដែលរៀបចំ ឡើងនៅរោងមហោស្រពនាយក ដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍វប្បធម៌នេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានវត្តមានរបស់ក្រុមសិល្បករចាប៉ីដងវែង ដែលមកពីបណ្តា រាជធានី-ខេត្ត បានដាក់ ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាព។
ជាលទ្ធផល ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប។ លេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ សាត វណ្ណា មកពីរាជធានីភ្នំពេញ។ លេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ សូ សារ៉ន មកពីខេត្តស្វាយរៀង។
ចំណែក ចំណាត់ថ្នាក់កិត្តិយស ២ ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ បានទៅលើបេក្ខជនឈ្មោះ ឆុន តុលា មកពីខេត្តសៀមរាបនិងបេក្ខជន ច្រឹក សេ មកពីខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកជំទាវ ឡងឌី សាន់ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានសំដែងនូវការអបអរសាទរដ៏ស្មោះចំពោះសិល្បករ ចាប៉ីដងវែង ទាំងអស់ ដែលទទួលបាន ជ័យលាភីនៅក្នុងមហោស្រពនេះ។ ជាពិសេស លោកជំទាវ បានលើកទឹកចិត្តដល់ប្អូនៗ ជាសិល្បករ ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយ វិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចម្រើន ប្រកបដោយ និរន្តរភាព។
លោកជំទាវបានបន្តថា “មហោស្រពចាប៉ីដងវែង មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពាន រង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាឈ្វេងយល់វាស់ស្ទង់សមត្ថភាព និងការចែករំលែក បទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះ គោល ដៅសំខាន់នៃការរៀបចំមហោស្រពចាប៉ីនាពេលនេះ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់ វិស័យសិល្បៈទស្សនីយភាពមួយនេះ ឱ្យកាន់ទៅរីកចម្រើនបន្ថែម»៕