សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតាទីពីរ ដែលផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា ដែលជាទំពាំងស្នងឬស្សី
ភ្នំពេញ៖ ក្នុងឳកាស អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា បង្រៀនត្រូវបានចាត់ទុកជា មាតាបិតាទីពីរ ដែលផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា ដែលជាទំពាំងស្នងឬស្សី។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៥ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ សម្រាប់ប្រធានបទទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះគឺ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” ក្នុងគោលបំណងដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ។
សម្ដេចតេជោបានបញ្ជាក់ថា “គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតា ទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី”។
សម្ដេចប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បន្ថែមថា ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទាំងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕