នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសាលាមានក្លឹបសិក្សាបន្ថែម កាត់បន្ថយម៉ោងសិស្សទំនេរទៅប្រព្រឹត្តទង្វើផ្ដេសផ្ដាស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យសាលាមានក្លឹបសិក្សាបន្ថែម កាត់បន្ថយម៉ោងសិស្សទំនេរទៅប្រព្រឹត្តទង្វើផ្ដេសផ្ដាស។
ថ្លែងក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អ្វីដែលយើងចង់ធ្វើគឺត្រូវធ្វើយ៉ាងណាដើម្បីកែប្រែពេលវេលាទំនេរនៅតាមសាលាទៅជាពេលដែលមានផលប្រយោជន៍សម្រាប់បង្កើនសមត្ថភាព ឥរិយាបថ របស់សិស្ស និងអត្ថប្រយោជន៍សម្រាប់គ្រូថែមទៀត។
ជុំវិញបញ្ហានេះ សម្ដេចធិបតី សង្ឃឹមថា មាតាបិតាសិស្សនឹងមិនទើសទាល់នោះទេ មានតែពេញចិត្តជំរុញកូនឱ្យសិក្សាបន្ថែមក្នុងម៉ោងទំនេរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គិតថា ឳពុកម្ដាយប្រហែលជាសប្បាយចិត្ត ព្រោះទីមួយគាត់ព្រួយខ្លាចម៉ោងទំនេរ កូនចេញទៅចូលបងធំបងតូចវ៉ៃគ្នា ខណៈម៉ែឳខំបែកញើសហូរញើស ទៅធ្វើស្រែ ទៅធ្វើចម្ការ ទៅធ្វើការ តែកូនបណ្ដោយឱ្យធ្វើអ្វីតាមចិត្តទៅវិញ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាគន្លឹះក្នុងការធ្វើឱ្យសាលារៀនល្អដោយលើកយកសាលាគំរូមួយចំនួនជាឧទាហរណ៍គឺនាយកសាលាត្រូវធ្វើការពន្យល់ អប់រំ ណែនាំ លើកទឹកចិត្ត និងការកៀរគរ លោកគ្រូ អ្នកគ្រូចូលរួម។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជឿជាក់ថា ពេលលោកគ្រូអ្នកគ្រូ ចូលរួមហើយឃើញល្អ ឳពុកម្ដាយសិស្សឃើញល្អនឹងទៅចូលរួមក្នុងសហគមន៍គាត់ដែរហើយ ៕