នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអាជីវករលក់ដូរ នៅតាមសាលា គួរលក់ដូរចំណីអាហារផ្ដល់ប្រយោជន៍ដល់សុខភាពសិស្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់អាជីវករលក់ដូរ នៅតាមបណ្ដាសាលារៀននានា គួរលក់ដូរចំណីអាហារណា ដែលផ្ដល់ប្រយោជន៍ចំពោះសុខភាពសិស្សានុសិស្ស ។
ក្នុងឱកាសអញ្ជើញប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អាហារខ្លះអាចប៉ះពាល់ដល់កុមារតាំងពីក្មេងៗទៅ ដល់ពេលអាយុច្រើនបន្តិចនឹងលេចឡើង នូវជំងឺក្នុងខ្លួនណាមួយ ដូចជាជំងឺទឹកនោមផ្អែមជាដើម ដូច្នេះត្រូវគិតគូរតាមគោលការណ៍ស្ម័គ្រចិត្តនៅតាមសាលានីមួយៗ»។
សម្ដេចធិបតី ក៏បានជំរុញឲ្យក្រសួងអប់រំ ពង្រីកវិសាលភាព «កម្មវិធីអាហារូបត្ថម្ភ» ដែលរាជរដ្ឋាភិបាលជាអ្នករៀបចំឱ្យ បានគ្របដណ្ដប់លើសាលាកាន់តែច្រើនថែមទៀត ដើម្បីចូលរួមគាំពារសុខភាព របស់សិស្សានុសិស្សនៅប្រទេសកម្ពុជា ៕