នាយឧត្តមសេនីយ៍ សេង ផល្លី៖ ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីធ្វើកិច្ចការទទួលជោគជ័យ ចាំបាច់ត្រូវស្វែងយល់ ត្រូវអានឯកសារដែលពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដើម្បីធ្វើកិច្ចការងារទទួលបានជោគជ័យ ចាំបាច់ត្រូវស្វែងយល់ ត្រូវអាន ឯកសារដែលមានការពាក់ព័ន្ធ ដើម្បីឱ្យយើងអាចយល់ដឹងអំពីកិច្ចការងារនោះបានគ្រប់ជ្រុងជ្រោយ និងធ្វើទៅទទួលបាននូវលទ្ធផលល្អតាមថ្នាក់ដឹកនាំចង់បាន ។
នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ប្រធាន-អនុប្រធាន នាយ-នាយរង ការិយាល័យ ក្រោមចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស។
ជាកិច្ចចាប់ផ្តើម ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានថ្លែងនូវមតិស្វាគមន៍ និងអនុញ្ញាតឱ្យតំណាងនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ឡើងធ្វើរបាយការណ៍សរុបអំពីលទ្ធផលការងារ បញ្ហាប្រឈមដំណោះស្រាយ ព្រមទាំងទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ ជូនឯកឧត្ដម នាយឧត្តមសេនីយ៍ និងអង្គប្រជុំទាំងមូល។
នាឱកាសនោះ ក្រោយបានស្តាប់របាយការណ៍ សរុបដែលលើកឡើងដោយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានធនធានមនុស្សរួចហើយនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានមានប្រសាសន៍កោតសរសើរចំពោះការអនុវត្តភារកិច្ចទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់ បើទោះបីជាអគ្គនាយកដ្ឋានថ្មី និងការរៀបចំរចនាសម្ព័ន្ធថ្មី ក៏ដោយ។
ស្របជាមួយគ្នានេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ មានប្រសាស៍ណែនាំ ដល់ នាយកដ្ឋានចំណុះត្រូវតម្រង់ទិសការងារ ពិនិត្យមើលចំណុចខ្វះខាត ពិសេសលើកអំពីលំហូរការងារដែលអនុវត្តកន្លងទៅ ដើម្បីធ្វើយ៉ាងណាពិនិត្យកែសម្រួលឱ្យការងារនោះ ប្រព្រឹត្តទៅបានយ៉ាងរលូន លឿនរហ័ស ស្របទៅតាមការចង់បានរបស់ថ្នាក់ដឹកនាំ និងបច្ចុប្បន្នកម្មការងារ៕