រដ្ឋមន្ត្រីក្រសួងការងារ និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ាសុខ ពិសិដ្ឋ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាបឋមប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអបអរសាទរជូន ឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បុគ្គលិកក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាពការងារ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញបន្ថែមទៀតឱ្យវិស័យឯកជន បន្តពង្រឹងការអនុវត្តកាតព្វកិច្ចបណ្តុះបណ្តាលកូនជាង និងបុគ្គលិកហាត់ការដើម្បីផ្សារភា្ជប់ទ្រឹស្តីជាមួយនឹងជំនាញផ្ទាល់ក្នុងគោលបំណងឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់តម្រូវការទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញវិស័យឯកជនបន្តអនុវត្តឱ្យបានពេញលេញលើកាតព្វកិច្ចរបបសន្តិសុខសង្គមលើផ្នែកគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព និងប្រាក់សោធន ដែលជាការគិតគូរដល់កម្មករនិយោជិត។
ក្នុងការជជែកពិភាក្សាត្រង់ទៅត្រង់មកភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាដើម្បីបរិយាកាសនៃការវិនិយោគដែលអំណោយផល ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិស័យឯកជនដែលបានគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤ដល់កម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប៕