លោក ញ៉ាញ់ ជាបហ៊ង អមដំណើរនាយករងខុទ្ទកាល័យក្រសួងធនធានទឹក នាំអំណោយឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ តុលា បានអមដំណើរលោក ភួន ចន្ថា នាយករងខុទ្ទកាល័យ នៃក្រសួងធនធានទឹក នាំយកអំណោយថវិកាចំនួន ១៣៥ ០០០ ០០០ រៀល របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ផ្តល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ ដោយបែងចែកជាពីរផ្នែកសម្រាប់ ឧបត្ថម្ភកងកម្លាំងដែលកំពុងបំពេញការងារ និងសម្រាប់ការងារជួសជុលកសាងអង្គភាពទ័ព នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
សូមជម្រាបថា អំណោយទាំងនោះនាំយកទៅឧបត្ថម្ភជូនដល់កងកម្លាំងចំនួន ១៣៥៣ នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥០ ០០០រៀល។
តាមរយៈលោកនាយករងខុទ្ទកាល័យ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្មោះអស់ពីចិត្តជូនចំពោះ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង ពលទាហាន ពលទាហានរងទាំងអស់ដែលកំពុងឈរជើងនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលតែងប្រកាន់ខ្ជាប់នូវគោលជំហរការពារបូរណភាពទឹកដីគ្រប់ពេលវេលា។
ក្នុងនោះដែរ ឯកឧត្តម ស្រ៊ុន សារឿន មេបញ្ជាការ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ បានអញ្ជើញគណៈប្រតិភូ ដើម្បីពិនិត្យមើលការរៀបចំទុកដាក់សម្ភារៈបរិក្ខារ សម្រាប់បម្រើលើការហ្វឹកហ្វឺនកងទ័ព សម្រាប់ត្រៀមក្នុងការចុះជួយសង្រ្គោះបន្ទាន់រាល់គ្រោះមហន្តរាយនានា។
ជាចុងបញ្ចប់ ឯកឧត្តមមេបញ្ជាការ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់គណៈប្រតិភូ អញ្ជើញមកជួបសំណេះសំណាល និងនាំយកថវិកាមកឧបត្ថម្ភដល់ទីបញ្ជាការផ្ទាល់ ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់កងទ័ព ជាពិសេសនៅបញ្ជាការដ្ឋានរបស់ឯកឧត្តម៕