កម្ពុជា-ហូឡង់ ពិភាក្សារកមធ្យោបាយ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សារកមធ្យោបាយ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ ក្នុងរយៈពេលខ្លីខាងមុខ និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអប់រំ រួមមានអាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលសម្រាប់និស្សិត និងមន្ត្រីការទូតកម្ពុជា ៕