សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់រថយន្តគិលានសង្គ្រោះ និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលរថយន្តគិលាន សង្គ្រោះចំនួន១គ្រឿង ព្រមទាំងអង្ករចំនួន១២តោន មីជាតិចំនួន៣៥០កេស ត្រីខកំប៉ុងចំនួន១០កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៦០០យួរ និងថវិកាចំនួន៥លានរៀល។ ចំពោះរថយន្តគិលានសង្គ្រោះសម្រាប់បម្រើក្នុងវិស័យសុខាភិបាល និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្រាប់សកម្មភាពមនុស្សធម៌ ជួយដល់គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដែលពិធីប្រគល់និងទទួលនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ចំពោះគណៈអធិបតី និងបានរាយការណ៍បញ្ជាក់ថា កន្លងមកនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនីលោកបានឧបត្ថម្ភថវិកា គ្រឿងសម្ភារៈយោធោ សម្រាប់ប្រើប្រាស់ក្នុងវិស័យកងទ័ពជាច្រើនមានដូចជា រថយន្ត ទោចក្រយានយន្ត វិទ្យុទាក់ទង ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាច្រើនតោន សម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាជន អតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោសោមស៊ុនដោយបានខិតខំប្រឹងប្រែងដឹកនាំកសាងអង្គភាពបានរីកចម្រើន ពិសេសបានយកចិត្តទុកដាក់លើការងារសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានសាងសង់ផ្ទះជាច្រើនខ្នង និងបានជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជននៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើរនៅខ្លឹមសារមួយចំនួនមានជាអាទិ៍ ទី១ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត និងត្រូវប្តេជ្ញាចិត្តការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ ទី២ ត្រូវសាមគ្គីឯកភាពផ្ទៃក្នុង ឲ្យបានល្អ រួមគ្នាកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។ និងទី៣ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ។ ជាមួយនោះដែរត្រូវយកចិត្តទុកដាក់ថែរក្សារថយន្តគិលានសង្គ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដោយឥតគិតថ្លៃ ៕