រដ្ឋមន្ត្រីក្រសួងអប់រំ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយិកាប្រចាំប្រទេសកម្ពុជា នៃកម្មវិធីស្បៀងអាហារពិភពលោក
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire Conan នាយិកាប្រចាំប្រទេសកម្ពុជា និងជាអ្នកតំណាង WFP ស្តីពីដំណើរការនៃការ អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន នៅទីស្តីការក្រសួង។
កម្មវិធីផ្តល់អាហារតាមសាលារៀន បានអនុវត្តនៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយចាប់ផ្តើមពី ៦៤សាលា មានសិស្សចំនួន ៣៧,៥០០នាក់ ដោយប្រើប្រាស់ស្បៀងដែលផ្តល់ពីកម្មវិធីស្បៀងអាហារពិភពលោក។ កម្មវិធីនេះបានពង្រីកវិសាលភាពជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៤ ការផ្តល់អាហារតាមសាលារៀន ក៏បានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធី ផ្តល់អាហារតាមសាលាដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីថ្មីមួយនៅកម្ពុជា ដោយបានប្រើប្រាស់ផលិតផលរបស់ប្រជាកសិករក្នុងមូលដ្ឋានស្ទើរតែទាំងស្រុង។
ឆ្នាំសិក្សា២០១៩-២០២០ រាជរដ្ឋាភិបាលបានប្រកាសទទួលស្គាល់កម្មវិធីថ្មី ថាពិតជាផ្តល់ប្រយោជន៍យ៉ាងច្រើនក្រៅពីវិស័យអប់រំ ក៏បានអនុញ្ញាតឱ្យក្រសួងអប់រំទទួលយកការផ្ទេរសាលារៀនគោលដៅពីកម្មវិធីស្បៀងអាហារពិភពលោក មកជាកម្មវិធីជាតិជាបណ្តើរៗ ក្រោមរូបភាពផ្តល់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
បច្ចុប្បន្នកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាននឹងកំពុងអនុវត្ត តាមខេត្តគោលដៅចំនួន១០ ស្រុកគោលដៅចំនួន៤៨ និងសាលារៀនគោលដៅចំនួន១,១១៤ ដោយ៖
-ប្រើប្រាស់ថវិកាជាតិមាន ១០ខេត្ត គឺកំពង់ចាម ស្ទឹងត្រែង ព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ និងស្រុកខ្លះនៅខេត្តសៀមរាប ពោធិ៍សាត់ កំពង់ធំ ឧត្តរមានជ័យ និងកំពង់ឆ្នាំង ក្នុងក្រុង ស្រុក ២៣ សាលារៀនគោលដៅ ៤២៧ ស្មើ ៣៨,៣ ភាគរយ និងអ្នកទទួលផល ១១៣,៣១៨នាក់ ស្មើ ៣៧,៩ ភាគរយ។
-ប្រើប្រាស់ថវិកានិងធនធាន កម្មវិធីស្បៀងអាហារពិភពលោកមាន ៥ខេត្ត ដោយអនុវត្តតាមស្រុកខ្លះនៃខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងសៀមរាប ក្នុងក្រុង ស្រុក ២៥ សាលារៀនគោលដៅ ៦៨៧ ស្មើ ៦១,៧ ភាគរយ និងអ្នកទទួលផល ១៨៦,០៤៧នាក់ ស្មើ ៦២,១ ភាគរយ ៕