ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីកំណែទម្រង់ធនធានមនុស្សក្នុងវិស័យអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្តីពីកំណែទម្រង់ធនធានមនុស្សក្នុងវិស័យអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងតបតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ដែលបានណែនាំឱ្យ ក្រសួងបន្តយកចិត្តទុកដាក់ ពង្រឹងស្ថាប័ន មើលតួនាទីរចនាសម្ព័ន្ធ ហើយពិនិត្យមើលពីការខ្វះ ឬលើសក្របខណ្ឌ មុននឹងស្នើសុំជ្រើសរើសមន្ត្រីរាជការបន្ថែម សន្សំថវិកា ជាជាងរើសមន្ត្រីថ្មី
យកថវិកានេះបង្កើនលើកទឹកចិត្តមន្ត្រីដែលមានស្រាប់។
ឆ្លើយតបនឹងប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា៖
-បង្កើត និងពង្រឹងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងសាលារៀន
-សិក្សាជាប្រចាំ ពីចំនួនគ្រូលើស ឬខ្វះ ដោយត្រូវចុះទៅមើលតាមសាលាដោយផ្ទាល់
-រៀបចំគោលការណ៍បែងចែកគ្រូបង្រៀនឡើងវិញ និងលើកទឹកចិត្តគ្រូបង្រៀន
-រៀបចំសេចក្តីណែនាំលម្អិតពីភារកិច្ចគ្រូ និងលើកកម្ពស់គុណភាពបង្រៀន
-រៀបចំធ្វើតេស្តស្តង់ដារួមតាមសាលា ដើម្បីវាយតម្លៃ និងផ្ដល់មតិយោបល់ដល់ការបង្រៀន
-ពិនិត្យមើលឡើងវិញពីការគ្រប់គ្រងធនធានមនុស្ស និងនិយាមរបស់គ្រូ
-ពង្រឹងគុណភាពនាយកសាលា ដែលជាអ្នកដឹកនាំ និងបុគ្គលគំរូក្នុងសាលា។
គួរបញ្ជាក់ដែរថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេច បានផ្ដល់គោលការណ៍ឱ្យក្រសួងមុខងារសាធារណៈរួចហើយ ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីរាជការ នៅតាមក្រសួង-ស្ថាប័ននានា ដោយវាយតម្លៃឡើងវិញ។ ក្នុងនោះ មិនត្រូវជ្រើសរើសមន្ត្រីរាជការ ដោយផ្អែកលើឆ្នាំចាស់ឡើយ ៕