ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ដោយបានទទួលនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហការី បានអញ្ជើញចូលរួមការ ប្រជុំអន្តរក្រសួងជាមួយធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីធ្វើការបូកសរុបលើលទ្ធផលនៃការត្រួតពិនិត្យ របស់ក្រុមបេសកកម្មត្រួតពិនិត្យមកពីស្នាក់ការតំបន់ និងស្នាក់ការកណ្តាលរបស់ធនាគារ ADB លើគម្រោងដែលកំពុងអនុវត្តយ៉ាងសកម្មក្នុងខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពត និងខេត្តត្បូងឃ្មុំ ក្រោម ហិរញ្ញប្បទានរបស់ធនាគារ ADB។
លទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមបេសកកម្មធនាគារ ADB ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះឃើញថា ការអនុវត្តគម្រោង ក្នុងខេត្តទាំងបួនបានប្រព្រឹត្តទៅដោយទទួលលទ្ធផលល្អប្រសើរ ដែលធ្វើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងធនាគារ ADB សម្រចបន្តការអនុវត្តជំហានទីII ដ៏ធំបន្ថែមទៀត៕