ប្រតិភូខុទ្ទកាល័យអនុប្រធានទី១ រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា អ៊ុំ អាន ដែលត្រូវជាម្តាយបង្កើតរបស់នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅវត្តនិរោធរង្សី ស្ថិតក្នុងសង្កាត់និរោធ
ភ្នំពេញ៖ ប្រតិភូខុទ្ទកាល័យអនុប្រធានទី១ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គឹម សន្តិភាព នាយកខុទ្ទកាល័យអនុប្រធានទី១ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា អ៊ុំ អាន ដែលត្រូវជាម្តាយបង្កេីត ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវត្តនិរោធរង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តម គឹម សន្តិភាព សូមសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារនៃសព។ មរណភាពរបស់ ឧបាសិកា អ៊ុំ អាន មិនត្រឹមតែជាការបាត់បង់ ភរិយា អ្នកម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ដ៏ល្អប្រពៃរបស់ក្រុមគ្រួសារ ដែលកន្លងមកក្នុងឆាកជីវិតរបស់លោកយាយ ឧបាសិកា បានខិតខំតស៊ូចិញ្ចឹមបីបាច់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ឧបាសិកា អ៊ុំ អាន បានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៧:១៥ នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយជរាពាធ។
សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ ឧបាសិកា អ៊ុំ អាន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕