អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកពីឃុំចំនួន៨ ក្នុងស្រុកកណ្តៀង
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាស្បៀងសង្គ្រោះបន្ទាប់ តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកពីឃុំអន្លង់វិល ឃុំស្យា ឃុំកញ្ជរ ឃុំកណ្តៀង ឃុំស្រែស្តុក ឃុំកោះជុំ ឃុំវាល និងឃុំស្វាយលួង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន១,០៩៣គ្រួសារ។
នៅក្នុងឳកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំឭកបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀតត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបានទាំងអស់គ្នា។
ឯកឧត្ដម ខូយ រីដា ក៏បានជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរជំនាញត្រូវពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលការរងខូចខាត ដោយសារជំនន់ទឹកភ្លៀង ព្រមទាំងផ្តល់ពូជស្រូវសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើង មានលទ្ធភាពបង្កបង្កើនផលស្រូវស្តារឡើងវិញផងដែរ៕