សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៧៩គ្រួសារ នៅស្រុកឯកភ្នំ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងសហការី អនុសាខាស្រុកឯកភ្នំ យុវជនអ្នកស្ម័គ្រ ចិត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៧៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ។ហើយពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តព្រែកហ្លូង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមសុខ លូ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពនិងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរានិងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។
ឯកឧត្តម សុខ លូ មានប្រសាសន៍ថា “នៅក្នុងភូមិសាស្ត្របាត់ដំបង បានទទួលរងនូវសម្ពាធទាបមានភ្លៀង ធ្វើឲ្យមានជំនន់ភ្លៀងយ៉ាងឆាប់រហ័ស និងមានកម្លាំងទឹកហូរខ្លាំង ដែលធ្វើឲ្យផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិ ដំណាំស្រូវ ចម្ការមួយចំនួន របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសស្រុកឯកភ្នំ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការស្នើសុំជំនួយពីសាខាភ្លាមៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់វេលា។
ឯកឧត្តមប្រធានបានបញ្ជាក់ថា “អំណោយដែលយកមកចែកជូនបងប្អូននៅពេលនេះគឺបានមកពីការំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។
ថ្លែងក្នុងឱកាសនោះឯកឧត្តម បានបញ្ជាក់ជូនថាសព្វថ្ងៃនេះដោយសារការប្រែប្រួលអាកាសធាតុជាសកល បានបង្កឲ្យមានផលប៉ះពាល់ទី១ ផ្នែកកសិកម្ម ទី២ សុខភាពសាធារណៈ ទី៣ គឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ជាតិមួយចំនួនត្រូវបានកាត់ផ្ដាច់ ហើយម្យ៉ាងវិញទៀតក្នុង រយៈពេល ២០ ឆ្នាំចុងក្រោយនេះយើងឃើញថាព្រឹត្តិការណ៍គ្រោះមហន្តរាយផ្សេងៗគឺថាមានទំហំធំហើយញឹកញាប់និងរងគ្រោះធ្ងន់ធ្ងរជាមុន។
ឯកឧត្តមបានថ្លែងបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា មិនមែន ធ្វើតែការផ្តល់អំណោយសង្គ្រោះនោះទេ គឺយើងធ្វើការងារពាក់ព័ន្ធទៅនឹងការងារសុខភាពសាធារណៈ ហើយរដូវនេះជារដូវភ្លៀង យើងមានការចុះអប់រំផ្សព្វផ្សាយអំពី ជំងឺគ្រុនឈាម គ្រុនចាញ់ និងមានការងារបរិស្ថាន ហើយកាកបាទក្រហមកម្ពុជា ក៏បានចូលរួមនិងផ្សព្វផ្សាយតាមរយៈអ្នកស័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមការត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផងដែរ។
ជាមួយគ្នានេះ លោក ម៉ិល សុផល ជាប្រធានគណៈកម្មាធិការអនុសាខាស្រុក សូមថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្ត ដែលមានឯកឧត្តម សុខ លូ ជាប្រធាន យុវជន អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្តែងថ្ងៃនេះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង មានជីវភាពក្រីក្រ ទទួលបានអំណោយមនុស្សធម៌ជាគ្រភងឧបភោគ បរិភោគ តាមរយៈសំណើពីអនុសាខាស្រុក និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពល្អបរិបូរណ៍ កម្លាងំស្មារតី ឈ្លាសវៃ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។
សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី៦ដប,ទឹកស៊ីអ៉ីវ៦ដបផងដែរ៕