បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការការពារអាកាស ថ្នាក់កងអនុសេនាធំ វរសេនាតូច និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៣
ភ្នំពេញ៖ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការការពារអាកាស ថ្នាក់កងអនុសេនាធំ វរសេនាតូច និងបន្តបើកវគ្គថ្មី១បន្ថែមទៀត វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរង កងទ័ពជើងគោក ។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ហេង ហុង
បានអបអរសាទរដល់ បញ្ជាការដ្ឋាន ការពារអាកាសបានបិទបញ្ចប់ វគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការការពារអាកាស ថ្នាក់កងអនុសេនាធំ វរសេនាតូចដោយជោគជ័យតាមការរំពឹងទុក ។
ឧត្ដមសេនីយ៍ឯក ហេង ហុង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស និងការចូលរួមផងដែរពី គ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឲ្យ បញ្ជាការដ្ឋាន ការពារអាកាសបានបញ្ចប់ដោយបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ទទ្ទឹមនឹងនេះដែរចំពោះមុខ បញ្ជាការដ្ឋាន ការពារអាកាសក៏បានដំណើរការបើកវគ្គមួយបន្ថែមទៀតសំរាប់ឆ្នាំ២០២៣ មានរយៈពេល៣ខែ មានកម្មសិក្សាការីសរុប ៧៧នាក់ ។
ឧត្តមសេនីយ៍ឯក ហេង ហុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកំពស់ស្មារតីស្នេហាជាតិ និងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខា គ្រឿងបំពាក់អោយបានល្អ និងសុវត្ថិភាព ។ ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធម៌ថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ។ ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វលើកស្ទួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម ។
នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បិទវគ្គរបស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឲ្យដឹងថា បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានបើក និងបិទវគ្គហ្វឹកហ្វឺនចំនួន៥៤វគ្គសិក្ខាកាមសរុបចំនួន៥,០៨៣នាក់ ក្នុងនោះ នៅបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ២៣វគ្គ មានសិក្ខាកាម១.៧៩៧នាក់ នៅតាម ភូមិភាគ ២២វគ្គ មានសិក្ខាកាម ១.៣៤៦នាក់ កងពល០៣វគ្គ មានសិក្ខាកាម១៥៦នាក់ និងនៅ បញ្ញាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន០៥វគ្គ មានសិក្ខាកាម១.៧២៩នាក់ ជាលទ្ធផល បញ្ចប់វគ្គទទួលបានល្អប្រសើរ និងចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតបាន ១៤លើក ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ ថ្នាក់កងអនុសេនាធំ វរសេនាតូច និងវគ្គបំប៉នជំនាញកាំភ្លើង ការពារអាកាស ឆ្នាំ២០២៣
សិក្សារយៈពេល០២. មានសិក្ខាកាមចំនួន ៦៤នាក់ គណៈគ្រប់គ្រងនិងយោធាចារ្យ០៣នាក់ សរុបទាំងអស់ចំនួន៦៧នាក់ ជាលទ្ធផល ក្រោយពេលបញ្ចប់វគ្គទទួលបាន៖ និទ្ទេសល្អ ៣៥នាក់ ស្មើនឹង ៥៤,៦៩% ,និទ្ទេសល្អបង្គួរ ២៦នាក់ ស្មើនឹង ៤០.៦៣% និងនិទ្ទេសមធ្យម ០៣នាក់ ស្មើនឹង ៤.៦៨% ៕