ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ដែលបានលូតលាស់ឥតឈប់ឈរលើគ្រប់កម្រិត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ព្រមទាំងកិច្ចសហប្រតិបតិ្តការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ។
បន្ថែមពីនេះភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យនានាដែលជាផលប្រយោជន៍រួម៕