សម្តេច ឃួន សុដារី ចាត់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត កាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានចាត់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី រៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ។
ពិធីនេះបានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ដោយ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ និងលោកជំទាវ រួមនិង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកាខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី ជាទីប្រឹក្សា ជំនួយការ ក្រុមលេខា ព្រមទាំងសាច់ញាតិជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី ចំពោះ ព្រះរតនត្រ័យ និងបានសមាទានសីល ស្តាប់ព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត និងការសម្ដែងព្រះធម៌ទេសនា។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ដិត កែវ ពិសិដ្ឋ បាននាំនូវទេយ្យទាន របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនចំពោះព្រះសង្ឃ រួមមាន សាដក ៥០ អង្ករ ៥០ការ៉ុងស្មើនឹង ២៥០០ គីឡូក្រាម មី ១០កេសធំ ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស តែ ២០គីឡូក្រាម ស្ករស ២០គីឡូក្រាម ទឹកដោះគោ ៥កេស ប៊ីចេង ៥០គីឡូ ទឹកត្រី ៥០យួរ ទឹកស៊ីអ៉ីវ ៥០យួរ ត្រីខកំប៉ុង ១០កេស និងប្រគេនបច្ច័យព្រះសង្ឃ ២២១អង្គ ក្នុងមួយអង្គៗ ទទួលបាននូវបច្ច័យ ២ម៉ឺនរៀល៕