នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពនិស្សិតខ្មែរ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងទ័ពអ៊ីស្រាអែល និងហាម៉ាស់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពនិស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក័ងទ័ពហាម៉ាស់ ។
ក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ តុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «តាងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពនិស្សិតខ្មែរយើងម្នាកឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក័ងទ័ពហាម៉ាស់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែតុលាកន្លងមកនេះ»។
សម្តេចធិបតី បន្ថែមថា រហូតមកទល់ពេលនេះ និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពទាំងអស់គ្នា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការជាប់ជាប្រចាំទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅទីនោះទទួលបានការការពារ និងមានសុវត្ថិភាពខ្ពស់ ៕