ប្រធានមូលនិធិជប៉ុន៖ កម្ពុជា កំពុងតែស្ថិតនៅលើមាគ៌ា នៃការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យ
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១១ តុលានេះ លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation បានថ្លែងថា កម្ពុជាពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំ ដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ា នៃការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យ ។
ក្នុងជំនួបនោះដែរ លោក យ៉ូហេ សាសាកាវ៉ា បានថែ្លងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរ សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។
លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ទាំងនេះ ក៏ដោយសារតែកម្ពុជាមានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជា សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាដើម ។
បន្ថែមលើនេះ លោក យ៉ូហេ សាសាកាវ៉ា ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយ លោក យ៉ូហេ សាសាកាវ៉ា ជាលើកទី៤ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាង លោក យ៉ូហេ សាសាកាវ៉ា ជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃដដែលនេះ ជាពិសេស សម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនៃដំណើរទស្សនកិច្ចរួមគ្នារបស់ឥស្សរជនទាំងពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ ៕