រដ្ឋមន្ត្រីទេសចរណ៍ ស្នើឲ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទសចរណ៍ ស្នើសុំឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។
ការស្នើសុំនេះ បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Emmanuel Menanteau នាយកតំបន់នៃក្រុមហ៊ុន VINCI Airports ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការ ផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជា តាមផ្លូវអាកាស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទសចរណ៍ បានលើកឡើងថា លោក Emmanuel Menanteau និងក្រុមការងារក្រុមហ៊ុន VINCI Airports បានកិច្ចខិតខំប្រឹង ប្រែងជាច្រើនឆ្នាំ ក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។
បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា នឹងបន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុន VINCI Airports ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាញបទពិសោធន៍ជាសាកលរបស់ VINCI Airports ក្នុងការពង្រឹងការតភ្ជាប់ ជើងហោះហើរមកកម្ពុជាកាន់តែច្រើនថែមទៀត ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ ក្រសួងទេសចរណ៍គឺ បង្កើន៥ និងអភិវឌ្ឍន៍៣ (BUILD + 3Ds)។ញ
ជាមួយគ្នានេះដែរ លោក Emmanuel Menanteau បានលើកឡើងថា ទោះក្នុង អំឡុងពេលនៃការបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមហ៊ុន VINCI Airports នៅតែបន្តបេសកកម្មរបស់ខ្លួន ដែលបានចូលរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងការ ធ្វើដំណើរនៅកម្ពុជាឱ្យមានស្ថិរភាពតាមរយៈការរក្សាបានលំហូរទេសចរជាតិ-អន្តរជាតិ ជាបន្តបន្ទាប់។
ជាងនេះទៅទៀត លោក សន្យាថានឹងបន្តផ្សព្វផ្សាយកម្ពុជាទៅកាន់ ទីផ្សារបារាំង និងអឺរ៉ុប។
គួរបញ្ជាក់ដែរថា រយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ៣.០៣ លាននាក់ ដោយក្នុងនោះមាន ភ្ញៀវទេសចរអន្តរជាតិ ដែលមកតាមផ្លូវអាកាសមានចំនួន ១,០៦៥,២៣៣នាក់ និងភ្ញៀវទេសចរអន្តរជាតិ ដែលមកតាមផ្លូវគោក និងផ្លូវទឹកមានចំនួនសរុប ១,៩៧២,១១១នាក់៕