កម្ពុជា-ថៃ ប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១៥ ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៥
ភ្នំពេញ៖ ភាគីកម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១៥ ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។
ការឱ្យដឹងបែបនេះបានធ្វើឡើងនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ ក្នុងពេលឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្ដម ឯកអគ្គរាជទូត ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូតថៃ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១៥ ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ វិនិយោគ ដឹកជញ្ជូន ការតភ្ជាប់ និងវប្បធម៌៕