នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកសិក្ខាសាលាស្ដីពីគោលការណ៍កែទម្រង់ចាំបាច់របស់កងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្ដីពី «គោលការណ៍កែទម្រង់ចាំបាច់របស់កងយោធពលខេមរភូមិន្ទ» ដែលពិធីនេះប្រព្រឹត្តទៅនៅអគ្គបញ្ជាការដ្ឋាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា សិក្ខាសាលាដែលបានប្រារព្ធធ្វើនៅថ្ងៃនេះមានសារៈសំខាន់ ដែលកងយោធពលខេមរភូមិន្ទបានប្តេជ្ញាបន្តអនុវត្តផែនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនថាមពលក្នុងវិស័យការពារជាតិ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានដាក់ជូនអង្គសិក្ខាសាលាដើម្បីពិនិត្យពិភាក្សាអំពីគោលការណ៍ចាំបាច់មួយចំនួនត្រូវកែសម្រួល ក្នុងនោះរួមមាន៖ ការកែសម្រួលរចនាសម្ព័ន្ធដែលមានច្រើនលើសពីសេចក្តីត្រូវការ ទប់ស្កាត់ការបង្កើនចំនួនទ័ពនៅស្ថាប័នបម្រើសេវា ទប់ស្កាត់ការតម្លើងឋានន្តរសក្តិដែលជាសិទ្ធរបស់មេបញ្ជាការប្រភេទទ័ព និងការដាក់យោធិនគ្រប់អាយុឲ្យចូលនិវត្តន៍ជាដើម។
អង្គសិក្ខាសាលាបានចូលរួមមានមតិផ្លាស់ប្ដូរយោបល់ ក្នុងការស្វែងរកចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាដែលរាំងស្ទះដល់ការធ្វើកំណែទម្រង់ ព្រមទាំងចូលរួមរកគន្លឹះចាំបាច់ដោះស្រាយឱ្យទទួលបានជោគជ័យ ធានាបានការពង្រឹងសមត្ថភាព និងការគ្រប់គ្រងដឹកនាំបញ្ជាក្នុងកងយោធពលខេមរភូមិន្ទប្រកបដោយប្រសិទ្ធភាព។
មានមតិបូកសរុបក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសមាជិកអង្គសិក្ខាសាលាទាំងមូលបានចូលរួមកិច្ចពិភាក្សាយ៉ាងផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អ ៕