កម្ពុជា-ជប៉ុន សង្កត់ធ្ងន់លើសារៈសំខាន់ នៃទំនាក់ទំនងទ្វេភាគី ដែលទើបត្រូវបានលើកកំពស់ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានទទួលជួប លោក TANINAI Ichitomo ភារធារីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលទើបត្រូវបានលើកកំពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ ជាពិសេសសម្រាប់ការដាក់បេក្ខភាពនៅក្នុងអង្គការនានា។
ឯកឧត្តម កាន់ ផារិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុនសម្រាប់ការងារជាអ្នកសម្របសម្រួល (penholder) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា ហើយភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ៕