ឧបនាយករដ្ឋមន្រ្ដី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជេីញដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។ ដោយមានការអញ្ជេីញចូលរួមពីលោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប្រធានកងវិស្វកម្មសម្តេចតេជោ សៀមរាប ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ និងមន្ទីរ អង្គភាពនានាក្នុងខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យការងារ ដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមក នៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខ ដែលត្រូវបន្តរួមគ្នាអនុវត្ត។
ឯកឧត្តម សាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តក្រុង ស្រុក បន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចាប់ឆ្នោតយកក្បាលដីឡូតិ៍ និងមិនទាន់ចាកចេញឱ្យពួកគាត់ចាកចេញទៅរស់នៅទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំជូនរួចហើយបន្ថែមពីនេះស្នើមន្ត្រីជំនាញជួយពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនទ្រព្យជូនគ្រួសារដែលមិនទាន់បាន។
ជាមួយគ្នា ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ភាគីអ្នកពាក់ព័ន្ឋនិងអាជ្ញាធរមូលដ្ឋានរួមគ្នាកៀងគររកដៃគូវិនិយោគឱ្យធ្វើការដាក់ទុនវិនិយោគនៅតំបន់រុនតាឯកនិងពាក់ស្នែង ដើម្បីរួមគ្នាអភិវឌ្ឍតំបន់នេះឱ្យឆាប់រីកចម្រើន និងផ្តល់ឱកាសការងារនិងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប្រជាពលរដ្ឋ នៅតំបន់ទាំងពីរនេះឱ្យមានជីវភាពប្រសើរជាងមុន ៕