រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ១១ឆ្នាំ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ១១ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងការរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ឆ្នាំ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣) ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយតាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ និងប្រជាពលរដ្ឋ ទូលបង្គំចងចាំជានិច្ច ព្រះមហាករុណាទិគុណ និងគំរូវីរភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ ដែលបានរៀបចំទីតាំងសម្រាប់បូជាទានធូបឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមអុចទៀនធូប គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕