សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស្បៀងអាហារ និងថវិកា ព្រមទាំងសម្ភារៈសម្រាប់សាងសង់ជម្រកស្នាក់នៅ ដល់ពលរដ្ឋ ទីទ័លក្រ នៅស្រុកស្ទោង
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបាននាំយកសម្ភារៈសម្រាប់សាងសង់ជម្រកស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ថា ធិន ប្រធានភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង បានរាយការណ៍បញ្ជាក់ថា លោកស្រី សូត ណៃអាយុ ៥១ឆ្នាំ ជាស្ត្រីមេម៉ាយដែលត្រូវស្វាមីទទួលមរណភាពចោលដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីមួយឆ្នាំកន្លងទៅ ដោយបានបន្សល់ទុកកូន និងចៅនៅក្នុងបន្ទុកចំនួន ៤នាក់ ប្រកបមុខរបរដើរស៊ីឈ្នួលគេ និងបានទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈប័ណ្ណក្រីក្រ ហើយបច្ចុប្បន្ន រស់នៅក្នុងខ្ទមប្រក់តង់កៅស៊ូតង់ នៅលើដីចំណីផ្លូវ ។
លោក ថា ធិន បានបញ្ជាក់បន្ថែមទៀតថា កន្លងមកលោកស្រី សូត ណៃ គាត់មានផ្ទះ និងដីធ្លីរស់នៅដូចប្រជាជនផ្សេងៗទៀតដែរ តែត្រូវបានលក់ដូរដើម្បីបានប្រាក់ព្យាបាលជំងឺស្វាមី តែជាអកុសលស្វាមីរបស់គាត់បានទទួលមរណៈភាពចោលគាត់និងកូន ហើយបានបន្សល់ទុកឲ្យគាត់គ្មានទីជម្រកស្នាក់នៅដូចបច្ចុប្បន្ននេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង ហើយថ្ងៃនេះសម្ដេចបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន មានដូចជា ស័ង្កសីចំនួន ៤០សន្លឹក អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ និងថវិកាមួយចំនួន ។
ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវគ្រឿងឈើ និងសម្ភារៈមួយចំនួន ដើម្បីសាងសង់ជម្រកស្នាក់នៅជូនគាត់ ហើយនិងបានប្រគល់ភារកិច្ចជូនអាជ្ញាធរឃុំ ភូមិ និងប្រជាការពារដើម្បីរួមគ្នា រកទីតាំងក្នុងការសាងសង់ជម្រកស្នាក់នៅជូនគាត់ឲ្យបានសមរម្យផងដែរ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ តំណាងឲ្យក្រុមគ្រួសារលោកស្រី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងបានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានជួយដោះស្រាយទៅដល់ការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទូទៅ ពិសេសនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោម សោម ស៊ុន និងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។