សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ្នកមីង អាន ទូច មានអាការថប់ណែន និងញ័រដើមទ្រូងជាប្រចាំ
ភ្នំពេញ៖ អ្នកមីង អាន ទូច អាយុ ៥៦ឆ្នាំ មានអាការថប់ណែន និង ញ័រដើមទ្រូង ជាប្រចាំអស់រយៈពេលជាយូរ ដែលរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អ្នកមីង អាន ទូច ត្រូវបានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បញ្ជូនមកទទួលការព្យាបាលនៅមជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ។ ក្រោយពីទទួលបានការពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យឯកទេសបេះដូង របស់ TYDA ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចមក បានរកឃេីញថាអ្នកមីងមានបញ្ហាត្បៀតប្រឹសបេះដូងធ្ងន់ធ្ងរ និង បញ្ហាបេះដូងដើរខុសចង្វាក់(Parox Afib)។ បច្ចុប្បន្ន ក្រោយពីទទួលបានការតាមដាន និងពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ អ្នកមីងបានធូរស្បើយ និងមានសុខភាពរឹងមាំឡើងវិញ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។ សូមបញ្ជាក់បន្ថែមថា រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕