ក្រសួងបរិស្ថាន៖ បណ្តុះអ្នកជំនាន់ក្រោយឱ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញបរិស្ថានឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតិក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) នាទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាមចំនួន ៤៨រូប ដើម្បីក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្តានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្ថែមថា ធនធានមនុស្សគឺជាអាទិភាពទី១ក្នុងចំណោមអាទិភាពចម្បងទាំង៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ហើយជាការចាំបាច់បំផុត ដែលសិក្ខាកាមទាំងអស់ ត្រូវតែយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ហ៊ានសួរ ហ៊ានឆ្លើយតបលើគំនិតដែលយល់ឃើញ ដើម្បីឱ្យការសិក្សារយៈពេល ១០ថ្ងៃនេះ កាន់តែមានប្រសិទ្ធិភាព និងជាពិសេសបានចាក់បំពេញបន្ថែមនូវចំណេះដឹង។ លើសពីនេះ ដើម្បីឈានឆ្ពោះទៅភាពជោគជ័យក្នុងវិថីការងារបរិស្ថាន សិក្ខាកាមទាំងអស់ត្រូវយល់ឱ្យបានច្បាស់អំពីការងារអាទិភាពរបស់ក្រសួង និងជំរុញការងារអាទិភាពឱ្យទៅសម្រេចបានទិសដៅរួមនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕