ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម វ៉ី សំណាង អញ្ជើញចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២០គ្រួសារ
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត កំពង់ស្ពឺ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២០គ្រួសារ ស្ថិតនៅវត្តបទុមវ័ន្ត(ហៅវត្តក្រាំងក្រូច) ក្នុងឃុំស្នំក្រពើស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថឹងថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះគឺចំតំបន់ស្រុកគងពិសីតែម្តង ហើយជាពិសេសតំបន់នោះជាតំបន់ទំនាបមានការអភិវឌ្ឍខ្លាំងទាំងផ្នែករោងចក្រនិងលំនៅឋានដែលបណ្តាលឱ្យមានការប្រែប្រួលគម្របដី។
ឯកឧត្ដមបន្តថា ជាដំណោះស្រាយចំពោះមុខគឺអាជ្ញាធរត្រូវសហការជាមួយក្រសួង-ស្ថាប័នជំនាញដើម្បីកាយរំដោះមុខទឹកឱ្យហូរធ្លាក់មកភូមិសាស្រ្តផ្នែកខាងក្រោមនៃខេត្តតាកែវ ដើម្បីឱ្យជំនន់ទឹកភ្លៀងឆាប់បានធូរស្រាល និងដើម្បីជៀសវាងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តធ្ងន់ធ្ងរ៕