នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។ តាមពត៌មាន ក្នុងជំនួបនោះ ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងនឹងពិភាក្សាលម្អិតជុំវិញកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងជាមួយគ្នា។
បន្ទាប់មក ឯកឧត្តមនាយ ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ន់ហ៊្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ៕