មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងនវានុវត្តន៍នៃ ការិយាល័យ KAS ប្រទេសអាល្លឺម៉ង់
ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Jan Cernicky ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងនវានុវត្តន៍ នៃការិយាល័យ Konrad Adenauer Stiftung (KAS) ប្រទេសអាល្លឺម៉ង់។
ថ្លែងក្នុងជំនួប លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកបណ្ឌិត Jan Cernicky និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យសំខាន់ៗដូចជា៖ ការអប់រំ នីតិរដ្ឋ អភិបាលកិច្ច ការការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល និងទំនាក់ទំនងអន្តរជាតិជាដើម។
លោកជំទាវ ក៏បានជម្រាបជូនអំពីការវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្ម ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ ជាអាទិ៍ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណើរចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ផែនការអភិវឌ្ឍន៍ភស្ដុភារកម្មនៅកម្ពុជា និងវឌ្ឍនភាពនៃការអនុវត្តសេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
លោកបណ្ឌិត Jan Cernicky បានជម្រាបជូនអំពីចំណាប់អារម្មណ៍របស់សភាពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណង ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ ក៏បង្ហាញការស្វាគមន៍ គាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីដៃគូពាណិជ្ជកម្មពីបណ្ដាប្រទេសនានា ជាពិសេសប្រទេសអាល្លឺម៉ង់ និងលើកទឹកចិត្តឱ្យសហគមធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ផងដែរ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១,២៤៦.៩០ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ១៩,២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអាល្លឺម៉ង់ដូចជា៖ សម្លៀកបំពាក់ ទោចក្រយានយន្ត ស្បែកជើង ធញ្ញជាតិ កាហ្វេ មួក ឆ័ត្រ និងគ្រឿងម៉ាស៊ីនអគ្គិសនីជាដើម រីឯកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអាល្លឺម៉ង់ដូចជា៖ គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីម្សៅ ឱសថ កាកសំណល់ចំណីកែច្នៃសម្រាប់ផលិតចំណីសត្វ និងទំនិញដទៃទៀត៕