ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០គ្រួសារ មកពី៣ភូមិ ក្នុងឃុំព្រះផុស បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ២០២៣ ក្រុមករងារអនសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា ជនពិការ និងស្ដ្រីកូនតូចមានជីវភាពខ្វះខាត ចំនួន ២០ គ្រួសារ មកពីចំនួន៤ក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ក្នុងនាម ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា លោក ញឹក សារ៉ែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផងដែរ ។ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ថែរក្សាសុខភាព អោយបានល្អ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ។ ជាកិច្ចឆ្លើយតប ក្នុងនាមប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។ សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖អង្ករ ២៥គីឡូ មី ១កេស ទឹកត្រីទឹកស៊ីអីវ ១យួរ ប្រេងកូឡា ១ដប ថ្នាំលាងរបួស ១២ប្រអប់ផងដែរ៕