អភិបាលខេត្តសៀមរាប ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន Yunnan Investment Holding Group
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លីវ មីងលិន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Yunnan Investment Holding Group និងប្រតិភូអមដំណេីរ ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក នាយករដ្ឋបាលសលាខេត្ត លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធនានា។
ក្នុងពិធីនេះ លោកប្រធានប្រតិភូ បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានចូលរួមពីធីទទួលស្វាគមន៍ជើងហោះហើរពាណិជ្ជកម្មដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ និងបានចំណាយដ៏មានតម្លៃ និងមមាញឹកអនុញ្ញាតអោយក្រុមហ៊ុនយេីងខ្ញុំ បានជួបសម្តែងការគួសមនៅពេលនេះ ដែលនេះបង្ហាញពីកាយវិការ នៃការយកចិត្តទុកដាក់ខ្ពស់ក្នុងចំណងមេត្រីភាពរវាងកម្ពុជា-ចិន ក៏ដូចជាខេត្តសៀមរាប និងខេត្តយូណានទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណជាពន្លឹកចំពោះ លោក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន YIG និងសហការីទាំងអស់ដែលមានវត្តមាននៅទីនេះ និងសូមគាំទ្រចំពោះការវិនិយោគលើដីមួយពាន់ហិកតា ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ដេីម្បីស្រូបយកភ្ញៀវទេសចរឱ្យមកលេងខេត្តសៀមរាបមានចំនួនកេីនឡេីងជាលំដាប់តាមការគ្រោងទុកពីចន្លោះ ៧ ទៅ ២០លាននាក់ក្នុងមួយឆ្នាំតាមផែនការដាក់ចេញរបស់ក្រុមហ៊ុន ៕