វៀតណាមបញ្ជាក់ជាថ្មីពីការបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្ស៊ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ជូនសារជាថ្មីពីការយកចិត្តទុកដាក់របស់កងទ័ពប្រជាជនវៀតណាម ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ព
កម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្ស៊ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគោលបំណងពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។ នៅក្នុងជំនួបនាយឧត្តមសេនីយ៍ ហ្វាន់ វ៉ាន់ហ្សាង បានបញ្ជាក់ជូនសារជាថ្មីពីការយកចិត្តទុកដាក់របស់កងទ័ពប្រជាជនវៀតណាម ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក ពិសេស ការបណ្តុះបណ្តាលធនធានមនុស្សច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យមានការរីកចម្រើនថែមទៀត។ ទន្ទឹមនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរបន្តរួមសហការគ្នាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្របតាមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយុវវែង” ៕