ស្រ្តីមេម៉ាយ មានកូនច្រើន មានជីវភាពក្រីក្រ ទទួលបាន ផ្ទះថ្មី ១ខ្នងជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានអញ្ចើញប្រគល់ផ្ទះមួយខ្នង ជូនលោកស្រី អ៊ុន ឈឿន អាយុ៥៨ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជា ស្រ្តីមេម៉ាយមានកូនច្រើនក្នុងបន្ទុកមានជីវភាពក្រីក្រខ្លាំង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីកាលំបាក់ ខ្វះខាតទីជម្រកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹង នោះទេ ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានចាត់ឱ្យក្រុមការងារ នាំយកនូវគ្រឿងឧបភោគ-បរិភោគ ដើម្បីជួយសម្រាលនូវជីវភាពក៏ដូចជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះហើយបញ្ជាក់ឱ្យឃើញពីវប្បធម៌ចែករំលែកដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានបានពាំនាំប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះគ្រួសារលោកស្រី អ៊ុន ឈឿន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់លោកស្រីនិង អ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។
ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។
សូមបញ្ជាក់ថា ផ្ទះខាងលេីខ្នងនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤.៤០ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។
ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូន អំណោយ សម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី៥កេស,ទឹកត្រី ៥យួរ ទឹកស៉ីអ៉ីវ ៥យួរ ត្រីខ៥០កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកា មួយចំនួន ដោយឡែក លោកយាយលោកតាចាស់ៗ និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅជិតខាងចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹកស៉ីអ៉ីវ១យួរ ទឹក ទឹកបរិសុទ្ធ១កេស និងថវិកាមួយចំនួនផងដែរ ។
លោកស្រី អ៊ុន ឈឿន ក៏បង្ហាញពីសេចក្ដីរំភេីបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង លេខរៀងទី១០ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ៕