បន្ទាប់ពីសមត្ថកិច្ច ចាប់ខ្លួនបាន ជនដៃដល់ដែលសម្លាប់សង្សារនៅសង្កាត់ក្រាំងធ្នង់ ឆ្លើយថា មកពីខាងស្រីសុំបែកទៅរកអ្នកថ្មី ទើបគេយកប៉័ងតោកាប់ផ្តាច់ជីវិត
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់សង្សារនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនដៃដល់ម្នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ។
កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន និងកម្លាំងជំនាញនគរបាលពាក់ព័ន្ធបានសហការគ្នា ឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី ហៅលឹប ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីជនដៃដល់រូបនេះធ្វើសកម្មភាព កាប់សម្លាប់ ឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុប្រហែល៣៤ឆ្នាំ ជនជាតិខ្មែរ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃកើតរឿងឃាតកម្មនោះ។
ប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ម៉ោងប្រហែល១៩:៣០នាទី មានករណីឃាតកម្មមួយបានកើតឡើង ហើយជនដៃដល់បានរត់គេចខ្លួនបាត់។ ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ឈានដល់ការឃាត់ខ្លួនបាន។
សមត្ថកិច្ចបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោ កាប់សម្លាប់លើជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រច័ណ្ឌជនរងគ្រោះសុំបែកទៅមានសង្សារថ្មី។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។