ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ ឯកភាពគ្នាចុះអនុស្សរណៈសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការគ្នាក្នុងរយៈពេល ៣ឆ្នាំបន្តទៀត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែតុលានេះ ក្លិបអ្នកកាសែតកម្ពុជា (CCJ) និងសមាគមអ្នកកាសែតថៃ (TJA) បានបើកកិច្ចប្រជុំពិភាក្សា និងបានឯកភាពគ្នាចុះហត្ថលេខាលើអនុស្សរណៈសម្រាប់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងរយៈពេល ៣ឆ្នាំបន្តទៀត។
ការចុះហត្ថលេខាលើអនុស្សរណៈបន្តទៀតនេះ គឺដើម្បីផ្លាស់ប្តូរព័ត៌មាន និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ក៏ដូចជាការផ្លាស់ប្តូរកម្មវិធីទស្សនកិច្ចរវាងស្ថាប័នទាំងពីរ ដើម្បីចែករំលែកបទពិសោធ ក៏ដូចជាការលើកកម្ពស់កសាងសមត្ថិភាពវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានថៃ ក្នុងដំណាក់ការរីកចម្រើននៃសម័យឌីជីថល។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលេីអនុស្សរណៈនេះបានធ្វេីឡេីងក្នុងពេលប្រតិភូសមាគមអ្នកកាសែតថៃបានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដែលតបតាមការអញ្ជើញពីក្លិបអ្នកកាសែតកម្ពុជា ៕