សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅសាលាស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល, គណៈកម្មាធិការសាខា-អនុសាខាក្រុង/ស្រុកទាំង១៤, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត, កងកម្លាំងទាំង៣ប្រភេទ, រដ្ឋបាលស្រុកបាណន់, អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, យុវជន សសយក, យុវជនកាយរឹទ្ធ, យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ សរុបចំនួន ៣១៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសម្តែងនូវគារវភក្តីចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពលំបាក ទីទ័លក្រ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍ សប្បុរសជន ដែលតែងបានឧបត្ថម្ភគាំទ្រនិងបរិច្ចាគធនធានចូលរួមចំណែកជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្លើយតបជួយដល់ប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយរួមមាន៖ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រាំងស្ងួត រន្ទះបាញ់ ក៏ដូចជាការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា៕