កងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ទទួលបានអំណោយដ៏ថ្លៃថ្លា ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញមកសំណេះសំណាល និងប្រគល់សម្ភារៈគ្រឿងឧបភោគបរិភោគ ជូនអង្គភាព
កងពលតូចអន្តរាគមន៍លេខ៦ រួមមាន៖
ម៉ូតូចំនួន ១៥គ្រឿង, វិទ្យុទាក់ទងកាន់ដៃUV ចំនួន ៥០គ្រឿង,វិទ្យុទាក់ទងKENWOODSចំនួន ,៦គ្រឿង,បង្គោលអង់តែ, វិទ្យុទាក់ទង(កំពស់៧២ម៉ែត្រ)ចំនួន ១បង្គោល, ម៉ាស៊ីនជីភីអេសGPSចំនួន ១០គ្រឿង,ស៊ីម៉ង់ត៍ ចំនួន១០០ តោន, អង្ករ ចំនួន២តោន, មី៥០កេស(តូច), ត្រីខ១០កេស, រួមនឹងថវិកាចំនួន ៥,០០០,០០០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភ ជាអំណោយជូន កងពលតូចអន្តរាគមន៍លេខ៦ ។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានទទួលស្វាគមន៍ ឯកឧត្ដម គីម ប៊ុនថាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី យ៉ាងកក់ក្ដៅផងដែរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៦ បានមានមតិស្វាគមន៍ ដល់អង្គពិធី បានប្ដេជ្ញាប្រកាន់ខ្ជាប់ តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារ រាជរដ្ឋាភិបាល និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយក្នុងក្របខ័ណ្ឌនៃ《យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១》របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបានបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជាច្រើនដល់អង្គភាព ដើម្បីបម្រើការងារប្រយុទ្ធ និងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ។
មតិសំណេះសំណាល ក្នុងឱកាសនេះ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះ នាយ-ពលទាហាន ទាំងអស់ ដោយក្តីនឹករលឹក តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនកងទ័ពជួរមុខ ជាប់ជាប្រចាំ និងបានផ្ដាំផ្ញើជាចុងក្រោយដល់ នាយ-ពលទាហាន ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន ។
ជំនួសមុខឲ្យ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភ ឧបករណ៍ និងសម្ភារប្រើប្រាស់ ដល់ កងពលតូចអន្តរាគមន៍លេខ៦ សូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារៈទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ។