នាយករដ្ឋមន្រ្តីវៀតណាម៖ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ក្នុងរយៈកាលកន្លងមក កម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើន គួរឱ្យកត់សម្គាល់
ភ្នំពេញ៖ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ។
ការថ្លែងកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ផាម មីញជីញ ជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ៕