ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិន ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ។
ក្នុងជំនួបពិភាក្សានេះ គឺផ្តោតសំខាន់លើការសម្របសម្រួលការអនុវត្តច្បាប់សំដៅបង្ការ និងទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ និងបទល្មើសពាក់ព័ន្ធគ្រប់រូបភាពរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក LI XIANG MING ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានផ្តល់កិច្ចសហការ និងការសម្របសម្រួលលើការងារទប់ស្កាត់បទល្មើសនាពេលកន្លងមក ដោយទទួលបានជោគជ័យ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណលោក LI XIANG MING ចំពោះការលើកឡើងអំពីលទ្ធផលការងារជោគជ័យនាពេលកន្លងមករវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ។ ឯកឧត្តម អគ្គនាយក ក៏បានឆ្លៀតឱកាសនេះ សំណូមពរដល់ភាគីមិត្តចិន ជួយបង្កលក្ខណ:បន្តផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខល្អប្រសើរនៃប្រទេសកម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរបរទេស និងទេសចរចិន ដើម្បីមកធ្វើដំណើរកំសាន្ត និងអ្នកធុរកិច្ចចិន ដែលមានបំណងវិនិយោគទុននៅក្នុងប្រទេសកម្ពុជា ៕