លោកជំទាវ មិថុនា ភូថង សន្យាផ្ដល់ថវិកា ៤លានរៀលដល់សិស្សជាប់និទ្ទេសA នៅខេត្តកោះកុង
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ វិច្ឆិកាខាងមុខនេះ។ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សនៃខេត្តកោះកុងឱ្យខិតខំប្រឹងប្រែងរៀនសូត្រ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នឹងផ្ដល់ថវិកា ៤លានរៀលដល់សិស្សប្រឡងជាប់និទ្ទេស A។
ឆ្នាំនេះ ជាឆ្នាំទី១០ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។ ដើម្បីជំរុញដល់សិស្សានុសិស្សថ្នាក់ទី១២ នៃខេត្តកោះកុងទទួលបានលទ្ធផលល្អក្នុងការប្រឡងខាងមុខ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងដូច្នេះ៖ «សូមលើកទឹកចិត្តដល់ប្អូនៗ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រឡងដោយយកចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន»។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ក្នុងករណីសិស្សានុសិស្សនៃខេត្តកោះកុង ទទួលបាននិទ្ទេស A ក្នុងការប្រឡងសម័យប្រឡង ៦ វិច្ឆិកា ២០២៣នេះ លោកជំទាវអភិបាលខេត្ត នឹងឧបត្ថម្ភថវិកា ៤លានរៀល ក្នុងម្នាក់ផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ខេត្តកោះកុង មានសិស្សជាប់និទ្ទេស A ចំនួន ៥ នាក់ ខណៈរាជធានីភ្នំពេញ មានសិស្សជាប់និទ្ទេស A ច្រើនជាងគេ គឺ ២៦៨នាក់ ៕