មន្ត្រីជាន់ខ្ពស់ធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទំនប់អាងកំពង់គោ ខេត្ដកំពង់ធំ
ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ អាជ្ញាធរពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងសហការី អញ្ជើញចុះត្រួតពិនិត្យទំនប់អាងកំពង់គោ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមជម្រាបថា ឯកឧត្ដមរដ្ឋលេខាធិការ និងមន្ត្រីជំនាញបានចុះពិនិត្យតាមដានវាយតម្លៃលើគុណភាពនិងបរិមាណទឹកស្ទឹងសែន ដែលមានធារ ១៧០០ ម៉ែត្រត្រីគុណក្នុងមួយនាទី ហើយដែលជាសក្តានុពលនៃទំនប់អាងកំពង់គោ សម្រាប់បម្រើផលប្រយោជន៍ក្នុងការស្រោចស្រពបានរហូតដល់ ៥០ ០០០ហិកតា ទល់នឹងតំបន់៣ របស់បឹងទន្លេសាប។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ទំនប់អាងនេះនឹងបង្កើនជាអតិបរមានូវសុវត្ថិភាពទឹក និងវិស័យអេកូទេសចរណ៍បានយ៉ាងល្អប្រសើរសម្រាប់បម្រើឱ្យស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ស្រុកប្រាសាទសំបូរ ស្រុកសន្ទុក និងស្រុកសណ្តាន់។ ម្យ៉ាងទៀត មច្ឆាជាតិ និងសត្វទឹកគ្រប់ប្រភេទនឹងមានការកើនឡើងកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដោយបានទទួលនូវការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រតិបត្តិការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកលើដងស្ទឹងសែនបានយ៉ាងត្រឹមត្រូវដោយធ្វើការសាងសង់ទំនប់អាងរក្សា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងកំពុងដំណើរការនីតិវិធីសាងសង់ទំនប់អាងដងកាំបិត ស្ថិតក្នុងភូមិសាស្រ្តឃុំទំរីង ខេត្តកំពង់ធំ ដែលអាងទឹកទាំងពីរខាងលើនេះមានមុខងារជាអាងស្តុកទឹកសម្រាប់បម្រើផ្នែកខាងក្រោម។
ជាមួយគ្នានេះក៏បានកសាងទំនប់អាងកំពង់គោនាពេលខាងមុខនេះដែលជាអាងទឹកមានមុខងារបម្រើឱ្យពហុវិស័យដ៏មានប្រសិទ្ធភាពខ្ពស់ប្រកបដោយនិរន្តរភាព៕