លោកជំទាវ ម៉ែន នារីសោភ័គ និងឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយ អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ចំនួន ១២៥គ្រួសារ នៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ
ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «មេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, អាហារូបត្ថម្ភ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ចំនួន ១២៥គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ។
អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួចទាំង ១២៥គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះអប់រំផ្សព្វផ្សាយ ក្រើនរំលឹកពីការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ ជាពិសេសការថែទាំសុខភាពបឋម និងចំណេះដឹងផ្សេងៗទាក់ទងនឹងប្រធានបទខាងលើ។ ជាមួយនឹង ចំណេះដឹងដែលទទួលបានពីការអប់រំផ្សព្វផ្សាយខាងលើនេះ គ្រួសារនីមួយៗក៏ទទួលបានអំណោយជួយសម្រាលការលំបាក ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកត្រី ឬទឹកស៊ីអ៊ីវ ៦ដប និងថវិកា ២ម៉ឺនរៀលផងដែរ ៕